ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកការដុតបំផ្លាញផលិតផលក្លែងម៉ាក ថាជាការបញ្ជាក់ពីឆន្ទៈដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ដើម្បីការពារសុខភាពប្រជាពលរដ្ឋ និងពង្រឹងទំនុកចិត្តរបស់វិនិយោគិន!

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ចាត់ទុកការដុតបំផ្លាញផលិតផលក្លែងម៉ាក និងសម្ភារពាក់ព័ន្ធ ជាថ្មីទៀត នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះថា គឺជាការបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល អនុវត្តច្បាប់ និងប្រយុទ្ធប្រឆាំងនឹងបទល្មើសផលិតផលក្លែងក្លាយ ដើម្បីការពារសុខភាពប្រជាពលរដ្ឋ ការពារសិទ្ធិម្ចាស់ម៉ាក និងពង្រឹងទំនុកចិត្តរបស់វិនិយោគិន។

ថ្លែងក្នុងឱកាសអញ្ជើញចូលរួមជាសហអធិបតីជាមួយ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្នុងពិធីដុតបំផ្លាញផលិតផលក្លែងម៉ាក និងសម្ភារពាក់ព័ន្ធ នៅភូមិតាគោក ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល ឯកឧត្តមអភិសន្តិបណ្ឌិត បានសង្កត់ធ្ងន់ថា ការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសពាក់ព័ន្ធនឹងផលិតផលក្លែងក្លាយ ត្រូវបានចាត់ទុកជាការងារមានសារៈសំខាន់ និងចាំបាច់ តម្រូវឱ្យមានការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ការសហការយ៉ាងជិតស្និទ្ធ និងការទទួលខុសត្រូវខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធ។

ឯកឧត្តមអភិសន្តិបណ្ឌិតបានគូសបញ្ជាក់ថា ការដុតបំផ្លាញផលិតផលក្លែងក្លាយដែលត្រូវបានដកហូត និងចាត់ចែងតាមនីតិវិធី មិនមែនគ្រាន់តែជាការបំផ្លាញវត្ថុតាង ឬទំនិញដែលបំពានច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែគឺជាសារនយោបាយ និងសារអនុវត្តច្បាប់ដ៏ច្បាស់លាស់មួយ ដែលបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជា មិនអនុញ្ញាតឱ្យមានការប្រើប្រាស់ទីផ្សារកម្ពុជា ដើម្បីប្រកបសកម្មភាពផលិត ចែកចាយ និងជួញដូរផលិតផលក្លែងក្លាយខុសច្បាប់ឡើយ។

ក្នុងន័យនេះ ប្រមុខក្រសួងមហាផ្ទៃបានគូសបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានចាត់ទុកការប្រយុទ្ធប្រឆាំងបទល្មើសផលិតផលក្លែងក្លាយ គឺជា «បញ្ហាអាទិភាព» ដែលត្រូវតែដោះស្រាយជាបន្ទាន់ បន្ទាប់ពីការប្រយុទ្ធប្រឆាំង និងបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ឯកឧត្តមអភិសន្តិបណ្ឌិតក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការចូលរួមសហការគ្នាពីក្រសួងយុត្តិធម៌ ក្រសួងមហាផ្ទៃ ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តកណ្តាល និងគ្រប់អង្គភាពអនុវត្តច្បាប់ ដែលបានរួមគ្នាបំពេញភារកិច្ចក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសពាក់ព័ន្ធនឹងផលិតផលក្លែងក្លាយយ៉ាងសកម្ម។ 

ឯកឧត្តមអភិសន្តិបណ្ឌិត បានអំពាវនាវដល់សមត្ថកិច្ច និងគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ បន្តបង្កើនកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធបន្ថែមទៀត ព្រមទាំងយកចិត្តទុកដាក់អនុវត្តច្បាប់ឱ្យបានកាន់តែម៉ឺងម៉ាត់ និងជាប្រចាំ ដើម្បីទប់ស្កាត់ និងបោសសម្អាតឱ្យអស់នូវរាល់សកម្មភាពផលិត ចែកចាយ និងនាំចូលទំនិញក្លែងក្លាយខុសច្បាប់ ក្នុងគោលដៅការពារសុខភាព សុវត្ថិភាពសាធារណៈ និងលើកកម្ពស់កិត្យានុភាពទីផ្សារកម្ពុជា។

បើតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ផលិតផលក្លែងម៉ាក និងសម្ភារពាក់ព័ន្ធជាវត្ថុតាងបទល្មើស ដែលសមត្ថកិច្ចបានបើកប្រតិបត្តិការបង្ក្រាបក្នុងរយៈពេល២ឆ្នាំ (២០២៤-២០២៦) ត្រូវបានរៀបចំដុតបំផ្លាញចំនួន២លើករួចមកហើយ នៅខេត្តត្បូងឃ្មុំ និងខេត្តតាកែវ ដែលមានដូចជាផលិតផលបារីក្លែងម៉ាក សំបកកញ្ចប់ និងសម្ភារសម្រាប់ផលិតបារី សរុបប្រមាណជាង ១. ០០០តោន។

ដោយឡែក សម្រាប់ពេលនេះ ផលិតផលក្លែងម៉ាក និងសម្ភារពាក់ព័ន្ធដែលនៅសេសសល់ និងបានបង្ក្រាបក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ សរុបចំនួនប្រមាណ ៧៥០តោន ត្រូវបានរៀបចំដុតបំផ្លាញបន្ថែមទៀត ស្របតាមសេចក្តីសម្រេចរបស់តុលាការ។ ផលិតផលទាំងនោះរួមមាន ប្រេងម៉ាស៊ីនម៉ាក Total ប្រមាណ ២តោន ប្រេងម៉ាស៊ីនម៉ាក Nova 2T ប្រមាណ ១,៥តោន អំបោះដេររបួសម៉ាក ETHILON ប្រមាណ ០,៤៨តោន គ្រឿងអេឡិចត្រូនិចម៉ាក Apple ប្រមាណ ០,៦៥តោន សម្លៀកបំពាក់ម៉ាក Boss ប្រមាណ ០,៦៥តោន បន្ទះបិតបញ្ចុះកម្ដៅម៉ាក Cool-Kid ប្រមាណ ១,៦តោន ថ្នាំដុសធ្មេញម៉ាក Sogate និង Crogate ប្រមាណ ១៦តោន ព្រមទាំងបារីក្លែងម៉ាក និងសំបកវេចខ្ចប់សរុបប្រមាណ ៧២៥តោនបន្ថែមទៀត៕

 

អត្ថបទដែលជាប់ទាក់ទង