សម្តេចក្រឡាហោម ស ខេង អញ្ជើញជួបសំណេះសំណាលជាមួយក្រុមការងារ និងសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ក្នុងស្រុកភ្នំព្រឹក

នាព្រឹកថ្ងៃសៅរ៍ ៦កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ នេះ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា នៅក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ប្រារព្ធនៅស្នាក់ការគណបក្សប្រជាជន​កម្ពុជា ស្រុកភ្នំព្រឹក។

 

មានប្រសាសន៍នាឱកាសនោះ ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន​កម្ពុជា សម្តេចអនុប្រធានគណបក្ស សម្តេច បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារ​គណបក្សចុះមូលដ្ឋានស្រុកភ្នំព្រឹក និងសហការីក្នុងក្រុមការងារព្រមទាំងអស់ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សគ្រប់ថ្នាក់ សមាជិកសមាជិកាគណបក្ស និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា​ ទូទាំងស្រុកភ្នំព្រឹក ដែលបានប្តេជ្ញាចិត្តរួមគ្នានាំមកនូវជោគជ័យជូនគណបក្សក្នុងការបោះឆ្នោតជាបន្តបន្ទាប់​នាពេលកន្លងមក ទាំងការបោះឆ្នោតជាតិ និងការបោះឆ្នោតនៅថ្នាក់ក្រោមជាតិ។

 

សម្ដេច ក៏បានគូសបញ្ជាក់អំពីការវិវត្តប្រែប្រួលនៃសភាពការណ៍អន្តរជាតិ សភាពការណ៍ក្នុងតំបន់ និងសភាពការណ៍ប្រទេសជាតិរបស់យើង ព្រមទាំងគោលការណ៍ណែនាំរបស់គណបក្សយើង ក្នុងការបោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ដើម្បីយើងធ្វើការប្តេជ្ញាចិត្តរួមគ្នាបន្តដណ្តើម​ជោគជ័យឱ្យបានដាច់ខាតក្នុងការបោះឆ្នោតដ៏មានសារៈសំខាន់នេះ។

 

ក្នុងឱកាសនោះ សម្តេចបានកោតសរសើរ អរគុណ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងឃុំនានា អាជ្ញាធរ មន្ត្រី និងកងកម្លាំង មានសមត្ថកិច្ច ទូទាំងស្រុកភ្នំព្រឹក ដែលបានសហការ​គ្នាយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធី នយោបាយ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងកម្មវិធីកំណែ​ទម្រង់នានារបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ចូលរួមថែរក្សាពង្រឹងសុខសន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ជំរុញការអភិវឌ្ឍមូលដ្ឋាន លើកកម្ពស់ការផ្តល់សេវាសាធារណៈ និងដោះស្រាយបញ្ហាប្រឈមនានា ដើម្បីឆ្លើយតបសំណូមពរ និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។ ក្រុមការងារបានចូលរួមគាំទ្រសកម្មភាពនានាជាច្រើន ដើម្បីលើកកម្ពស់សុខុមាលភាពរបស់​ប្រជាពលរដ្ឋ គាំទ្រអភិវឌ្ឍវិស័យអប់រំ កសិកម្ម សាសនា និងបានបរិច្ចាគ ធនធានផ្ទាល់ខ្លួន និងខិតខំកៀរគរ​ធនធានពីសប្បុរសជននានា ដើម្បីកសាងសមិទ្ធផលសង្គមជាច្រើននៅមូលដ្ឋាន។

 

សម្ដេច មានប្រសាសន៍បន្ថែមថា គណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការកំណត់ និងរៀបចំនូវការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ទាំងការបោះឆ្នោតថ្នាក់ជាតិ និងការបោះឆ្នោតថ្នាក់ក្រោមជាតិយ៉ាងទៀងទាត់ ស្របតាមអាណត្តិ ដែលកំណត់ដោយរដ្ឋធម្មនុញ្ញ និង​ច្បាប់បោះឆ្នោត ដើម្បីជំរុញ និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការពង្រឹងស្ថិរភាពនយោបាយ សម្រាប់ជាមូលដ្ឋានក្នុងការអភិវឌ្ឍប្រទេសជាតិ។ រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃអាទិត្យ ទី៦ ខែមិថុនា ឆ្នាំ២០២៧ ជាថ្ងៃបោះឆ្នោត ឃុំ សង្កាត់ អាណត្តិទី៦ ស្របតាមអាណត្តិ ៥ឆ្នាំ ដែលកំណត់ក្នុង​ច្បាប់។

 

ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចអនុប្រធានគណបក្ស សម្តេចសង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក ទាំងអស់ នឹងបន្តពង្រឹងឆន្ទៈការប្តេជ្ញាចិត្តរួមគ្នា ដើម្បីបន្តទទួលបានជោគជ័យសម្រាប់គណបក្សក្នុងការបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង